pen sophanny-001

អ្នកនាង ប៉ែន សុ​ផានី តារា​សម្ដែង​ ដែល​កំពុងតែ​ត្រូវប៉ាន់ ជាង​កាល​នៅ​វ័យក្មេង សម្រាប់​ការសម្ដែង​ជា​តួ​ម្ដាយ ហើយ​ស្ទើរតែ​គ្រប់​ខ្សែភាពយន្ដ​ភាគ នៅ​តាម​កញ្ចក់​ទូរទស្សន៍ តែងតែ​លេចមុខ​អ្នកនាង ជារឿយៗ​។ ថ្វី​ត្បិត​តែ​អ្នកនាង​វ័យ​កាន់តែ​ជ្រេ​បន្ដិច ប៉ុន្ដែ​រូប​សម្រស់​នៅ​តែ​រក្សា​បាន​ភាព​ក្មេង​ជាង​វ័យ និង​ស្រស់ស្អាត មិន​ចាញ់​តារា​ស្រី​ស្រករ​ក្រោយ​ឡើយ​។ អ្នកនាង​បានឱ្យដឹងថា មាន​វិធីសាស្ដ្រ​ពីរ​យ៉ាង ដែល​អ្នកនាង អនុវត្ដ​ជាប្រចាំ គឺ​ប្រើ​ប្រទាល​កន្ទុយក្រពើ និង​ថ្នាំបុរាណ​ខ្មែរ​។

​ឆ្ពង់​ដោយ​ថ្នាំ​ខ្មែរ​បុរាណ ៖

តារា​សម្ដែង​ស្រី ដែល​លេចមុខ​តាំងពីដើម​ទសវត្សរ៍​៩០ អ្នកនាង ប៉ែន សុ​ផានី បានឱ្យដឹងថា ភាគច្រើន​អ្នកនាង​ប្រើ​វិធីសាស្ដ្រ​បុរាណ ដើម្បី​ថែរក្សា​សុខភាព និង​សម្រស់​។ ដូច្នេះហើយ​ទើប​បានជា តាំង​ពី​អ្នកនាង​ធំ​ពេញវ័យ រហូតដល់​បច្ចុប្បន្ន អ្នក​នាង​មិន​ធ្លាប់​កើតមាន​បញ្ហា​អាក្រក់​លើ​ស្បែក និង​ជំងឺ​ក្រពះ​ឡើយ​។ វិធីសាស្ដ្រ ដើម្បី​ថែរក្សា​សម្រស់​តាមបែប​បុរាណ​របស់​អ្នកនាង គឺ​ឆ្ពង់ ដោយ​ដើម​ថ្នាំ​ខ្មែរ​បុរាណ និង​កា​រញុំា​ប្រទាល​កន្ទុយក្រពើ ព្រម​ទាំង​បិទ​ប្រទាល​កន្ទុយក្រពើ​លើ​ស្បែក​។​

ស្ថិតក្នុង​វ័យ​ជាង ៣០ ឆ្នាំ អ្នកនាង ប៉ែន សុ​ផានី រៀបរាប់ថា អ្នកនាង​ទិញ​ថ្នាំ​ខ្មែរ​បុរាណ ដែល​មាន​លក់​ជា​កញ្ចប់ ហើយ​ដាក់​ក្នុង​ក្អម ហើយ​មាន​ដាក់​បន្ថែម​ដោយ​ពន្លៃ ឬ​គល់​ស្លឹកគ្រៃ ហើយ​ដាំ​ឱ្យ​ពុះ​។ បន្ទាប់មក ចាប់ផ្ដើម​ធ្វើការ​ឆ្ពង់ ដោយ​មាន​ភួយ ឬ ក្រណាត់​ក្រាស់​ធំ គ្រប​ឱ្យ​ជិត​ខ្លួន ហើយ​បង្ហើប​មុខ​ក្អម​បន្ដិចៗ ឱ្យមាន​ចំហាយ​ចេញ​ចំ​ផ្ទៃមុខ​។ អ្នកនាង​ពោលថា “ ខ្ញុំ​ឆ្ពង់​ត្រឹមតែ ២០ នាទី ហើយ​ក្នុង​មួយ​ខែ​ពីរដង​។ មិនចាំបាច់​ឆ្ពង់ ឬ ម៉ាស្សា​ដោយ​មាន​ឧបករណ៍​ទំនើប​ទេ មានតែ​ក្អម​មួយ និង​ភួយ ឬ​ក្រណាត់​ក្រាស់​បាន​ហើយ ព្រោះ​ថ្នាំ​ខ្មែរ​បុរាណ សំបូរ​លក់​ណាស់ ហើយ​មាន​តម្លៃថោក​ថែម​ទៀត ”​។​

អ្នកនាង​បន្ដ​ឱ្យដឹងទៀតថា ការ​ឆ្ពង់​នេះ ពិតជា​មាន​អត្ថប្រយោជន៍​ច្រើន​ណាស់​ដល់​សុខភាព និង​សម្រស់​។ វា​ជួយ​ធ្វើឱ្យ​សុខភាព​ល្អ ពីព្រោះ​ធាតុ​កខ្វក់ និង​ជាតិពុល​ចេញពី​ខ្លួន​ប្រាណ​អស់ ហើយ​ស្បែក​ទន់ល្មើយ​ល្អ និង​មាន​ពន្លឺ​ស្រស់ថ្លា​។ ចំណុច​មួយទៀត ធ្វើឱ្យ​កើតមាន​អារម្មណ៍​ស្រស់ថ្លា និង​កម្លាំង​ខ្លាំង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​បាន​ជួយ​ធ្វើឱ្យ​សក់​មាន​ទម្ងន់ និង​សុខភាព​ល្អ​ថែមទៀត​ផង​។ អ្នកនាង​លើកឡើងថា “ ពេល​យើង​រៀបចំ​ឆ្ពង់ យើង​អាច​អប់ស​ក់រួច​ចូល​ឆ្ពង់​តែម្ដង​។ ដូច្នេះ​វា​កាន់តែ​ធ្វើឱ្យ​សក់​ល្អ​”​។  អ្នកនាង​បន្ថែមទៀតថា ស្ដ្រី​មានរ​ដូវ​ម្ដង​ក្នុង​មួយខែ ដូច្នេះ​ធ្វើយ៉ាងណា​ត្រូវ​ឆ្ពង់​ឱ្យបាន​ដើម​ខែ​ម្ដង  និង​ចុង​ខែ​ម្ដង​។ ពី​ព្រោះ​ពេល​ស្ដ្រី​មានរ​ដូវ ធ្វើឱ្យ​គល់​រោម​បើក ហើយ​ត្រូវ​ឆ្ពង់ ដើម្បី​ឱ្យ​ចំហាយ​ថ្នាំ​ឆ្ពង់​ជ្រាបចូល​រន្ធ​រោម ហើយ​នាំ​យក​ធាតុ​ពុល ឬ កខ្វក់​ពី​ក្នុង​រន្ធ​រោម​មក​ក្រៅ​។

ប្រទាល​កន្ទុយក្រពើ ៖

តារា​សម្ដែង ដែល​ជោគជ័យ​ជា​តួ​ម្ដាយ បាន​រៀបរាប់​ឱ្យដឹងថា ប្រទាល​កន្ទុយក្រពើ ជា​ឱសថ​ធម្មជាតិ ដ៏​មាន​អត្ថប្រយោជន៍ សម្រាប់​សុខភាព និង​សម្រស់​។ ជារឿយៗ អ្នកនាង​បិទ​ប្រទាល​កន្ទុយក្រពើ​នៅលើ​ស្បែក ដើម្បី​ជួយ​ឱ្យ​ស្បែក​មាន​សំណើម ស្បែក​ឡើង​ត្រជាក់​ទន់ ពណ៌​ស្រស់ស្អាត ហើយ​អាច​ជម្រះ​ស្នាម​គ្រើម​ជាំខ្មៅ​បាន​។ អ្នកនាង​មានប្រសាសន៍ថា “ ខ្ញុំ​ប្រើ​ស្ទើរ​រាល់ថ្ងៃ​។ នៅ​ផ្ទះ​ខ្ញុំ​មាន​ដាំ​ប្រទាល កន្ទុយ​ក្រពើ គឺ​ដើម្បី​ប្រើ​ខ្លួន​ឯង​។ វា​ជួយ​ដល់​ស្បែក​យើង​ច្រើន​ណាស់​។ ពេល​ស្បែក​ឡើង​ជាំខ្មៅ និង​ក្ដៅ អី​ជាដើម យើង​បិត​ប្រទាល​កន្ទុយក្រពើ​ទៅ ជួយ​ឱ្យ​ត្រជាក់​ភ្លាម ”​។ អ្នកនាង​បន្ថែមទៀតថា អ្នកនាង ចិត​ប្រទាល​កន្ទុយក្រពើ ជាច្រើន ហើយ​ដាក់​ក្នុង​ទូទឹកកក ហើយ​វា​នៅ​ស្រស់​ល្អ​បានយូរ​។ ទំនេរ​ពេលណា អាច​ប្រើ​បាន​ពេលនោះ​។​

ក្រៅ​ពី​ការបិត​ប្រទាល​កន្ទុយក្រពើ​នៅលើ​ស្បែក អ្នកនាង ប៉ែន សុ​ផានី ក៏​ញ៉ាំ​ប្រទាល​កន្ទុយក្រពើ​ផងដែរ​។ អ្នកនាង​ញ៉ាំ​ប្រទាល​កន្ទុយក្រពើ ជា​រៀងរាល់ថ្ងៃ  ព្រោះ​វា​ជួយ​ដល់​សុខភាព​រូប​កាយ​បាន​ច្រើន​។ អ្នកនាង​បញ្ជាក់ថា “ ខ្ញុំ​ញ៉ាំ​ប្រទាល​កន្ទុយក្រពើ​រាល់ថ្ងៃ​។ យើង​ត្រូវ​ចិត​សំបក​ចោល គឺ​ទុក​តែ​សាច់​ល្អៗ​ខាងក្នុង ហើយ​ដាក់​ក្នុង​ទូទឹកកក​។ ពេល​ណា​ចង់​ញ៉ាំ គឺ​យក​ញ៉ាំ​តែម្ដង​។ តាំងពី​ខ្ញុំ​ដឹងក្ដី​មក ខ្ញុំ​មិន​ដែល​មាន​ជំងឺ​ក្រពះ​អី​ទេ ព្រោះ​ប្រទាល​កន្ទុយក្រពើ ជួយ​មិន​ឱ្យ​កើត​មាន​ជំងឺ​ក្រពះ ”​។

អ្នកនាង​បន្ថែមថា ជាទូទៅ​អ្នកនាង​ញ៉ាំ​ប្រទាល​កន្ទុយក្រពើ មុន​ពេល​ញ៉ាំ​អាហារ ៥ ទៅ ១០ នាទី​។ អ្នក​ម្ដាយ​របស់​អ្នកនាង បាន​ប្រាប់​ពី​អត្ថប្រយោជន៍​នៃ​ការប្រើ​ប្រទាល​កន្ទុយក្រពើ ដូច្នេះហើយ ទើបបាន​ជា​អ្នកនាង ប្រើ​វា​តាំង​ពី​ធំ​ដឹងក្ដី​។ ទោះបីជា​យ៉ាងណា អ្នកនាង​លើកឡើងថា មិនមែន​គ្រប់​ស្ដ្រី​ទាំងអស់ សុទ្ធ​តែ​អាច​ញ៉ាំ​ប្រទាល​កន្ទុយក្រពើ បាន​នោះ​ទេ​។ អ្នក​ខ្លះ​អាច​ញ៉ាំ​ប្រទាល​កន្ទុយក្រពើ​បាន  ពីព្រោះ​ពួកគាត់​ឧស្សាហ៍​អត់ធន់ ប៉ុន្ដែ​អ្នកខ្លះ ក៏​មិន​អាច​ញ៉ាំ​បាន​ទេ ពីព្រោះ​មិន​សូវ​ចេះ​អត់ទ្រាំ ហើយក៏​មិន​ឆ្ងាញ់​ថែមទៀត​។ ប៉ុន្ដែ​អ្នកខ្លះ ក៏​មិន​អាច​បិត​ប្រទាល​កន្ទុយក្រពើ បានដែរ ពីព្រោះ​អាច​បណ្ដាល​ឱ្យមាន​រមាស់ ជាដើម​។​

ក្រៅពី​រៀបរាប់​ចំណុច​ដ៏​សំខាន់​ទាំងពីរ​ខាងលើ អ្នកនាង ប៉ែន សុ​ផានី តារាភាពយន្ដ​រៀមច្បង បាន​ប្រាប់ថា លើសពីនេះ អ្នកនាង ក៏​មាន​ដាំ​ពន្លៃ ឬ មើម​ខ្ញី យក​ទឹ​កញុំា​ទៀតផង​។ កា​រញុំា​ទឹកដាំ​មើម​ខ្ញី ឬ​ពន្លៃ អាចធ្វើឱ្យ​ខ្លួនប្រាណ​រហ័សរហួន និង​ស្រួលខ្លួន ផងដែរ​។ បើ​និយាយ​ពី​ផលិតផ​លឡេ​លាបខ្លួន​ដែល​ស្ដ្រី​ខ្មែរ ក៏​ដូច​ជា​ស្ដ្រី​ទូទៅ​ជុំវិញ​ពិភពលោក​និយម​ប្រើ តារា​សម្ដែង​ស្រី​រូបនេះ លាប​ឡេ តែ​ពេល​យប់ និង​ចេញ​សម្ដែង​តែប៉ុណ្ណោះ​។ អ្នកនាង​មានប្រសាសន៍ថា “ ពេល​យប់​ខ្ញុំ​លាបឡេ​ថែរក្សា​បំប៉ន​ស្បែក​ខ្លះ​ដែរ ប៉ុន្ដែ​មិន​សូវ ជា​ញឹកញាប់​នោះទេ​។ ដោយឡែក ពេល​ថ្ងៃ​វិញ ខ្ញុំ​ផាត់មុខ និង​លាប​ឡេ តែ​ពេល​ចេញ​សម្ដែង​ប៉ុណ្ណោះ​។ បើ​ពេល​ធម្មតា​នៅផ្ទះ ឬ​ដើរ​ផ្សារ ឬក៏​ជួបជុំ​មិត្ដភ័ក្ដិ ក៏​ខ្ញុំ​មិន​ដែល​លាបឡេ​ឡើយ​។ និយាយ​រួម ខ្ញុំ​ចង់​ទុកឱ្យ​ស្បែក រស់នៅ​ជា​លក្ខណៈ​ធម្មជាតិ​ទាំងស្រុង ”​។​

ជា​ចុងក្រោយ អ្នកនាង​ប៉ែន សុ​ផានី មានប្រសាសន៍ថា អ្វីៗ​ដែល​អ្នកនាង​រៀបរាប់​ខាងលើ គឺជា​អាថ៌កំបាំង ឬ​ទម្លាប់​ថែរក្សា​សម្រស់ និង​សុខភាព​ផ្ទាល់ខ្លួន ហើយ​អ្នកនាង ក៏​ចង់​ចែករំលែក​បទពិសោធន៍​ទាំងអស់នេះ ដល់​ស្ដ្រី​ទូទៅ​ដែរ​។ ប្រសិន​បើ​ស្ដ្រី​អាចអនុវត្ដ​តាមបាន ហើយ​សម​ទំនង​នោះ ក៏​សូម​បន្ដ​អនុវត្ដ តាម​សប្បាយចិត្ដ​។ ព្រមទាំង​សូម​អរគុណ ចំពោះ​ទស្សនិកជន ដែល​និយម​គាំទ្រ​ដល់​ស្នាដៃ​សម្ដែង​របស់​អ្នកនាង​ផងដែរ​៕

 

pen sophanny

រៀបរៀង៖ ស្រីពេជ្រ 0(O_o)0

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ គេហទំព័រ ស៊ីវិល័យ
សូម​ចូល​ដើម្បី​ចែករំលែក​មតិយោបល់រ​បស់​អ្នក​ជាមួយនឹង​អត្ថបទ​នេះ !